សេចក្តីជូនដំណឹង
​​​​​​​
ព្យាបាល​បញ្ហា​ពោះ​យារធ្លាក់​ក្រោយ​សម្រាល​បុត្រ


Wednesday, 26 March 2014


ភាព​រីករាយបំផុត​ក្នុង​ជីវិត​គូស្វាមីភរិយា​គឺ​ការ​ទទួល​បាន​កំណើត​បុត្រ​ជា​ទីស្រឡាញ់​របស់​ខ្លួន។ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ផលវិបាក​របស់​ស្ត្រី​ទើប​ឆ្លង​ទន្លេ​គឺ​ការបន្សល់​នូវ​ក្បាលពោះ​យារធ្លាក់​ចុះ​ក្រោម​ធ្វើឲ្យ​បាត់បង់​សម្រស់​ដងខ្លួន​ជា​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ពេល​មិន​ទាន់​មានគភ៌។

ការ​ញ៉ាំ​ចំណីអាហារឬ​ហាត់ប្រាណ​ហាក់​ដូចជា​ពុំ​អាច​កែកុន​បញ្ហា​នេះ​ទេ​។អ្វី​ដែល​យើង​ជួប​ប្រទះ​មាន​ដូចជា​ការ​យារ​ស្បែក​ពោះ​ចុះ​ក្រោម​រហូត​មកដល់​ផ្នែក​ខាង​លើ​នៃ​ថ្ងាស ដែល​យើង​ហៅថា «សម្បុក​ពោះ» ធ្វើឲ្យ​ស្ត្រី​ពិបាក​ក្នុង​ការ​ស្លៀកពាក់និង​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម។ក្នុង​ករណី​ស្ត្រី​ឡើង​ទម្ងន់​ច្រើន​ពេក​ពេល​ពពោះពួកគាត់​ច្រើន​ប្រឈម​នឹង​បញ្ហា​សង្វារឬ​ចង្អូរ​ក្រហូង​នៅ​ស្បែក​លើ​ថ្ងាសនិង​ក្រោម​ផ្ចិត​។

ម៉ាស៊ីនវេជ្ជសាស្ត្រ​ជាច្រើន​ដូចជា​ឡាស៊ែរ​អាច​បំបាត់​នូវ​កោសិកា​ខ្លាញ់​នៅក្បាលពោះ ឬ​ធ្វើឲ្យ​ស្បែក​ហាប់ណែន​បន្តិចបន្តួច​មែនប៉ុន្តែ​ដើម្បី​បំបាត់​ស្បែក​យារ​ធ្លាក់ឬ​ក៏​សង្វារ​ទាំងនោះ ការ​វះកាត់Abdominoplasty គឺជា​រឿង​ចាំបាច់។

តើ​ការ​វះកាត់​បំបាត់​ខ្លាញ់​ពោះ​អាច​អនុវត្ត​បាន​នៅលើ​បុគ្គល​បែប​ណា​ខ្លះ?

ការវះកាត់​អាច​អនុវត្ត​បាន​នៅលើ​ស្ត្រី​ក្រោយ​ពេល​សម្រាល​កូន​ដែល​បន្សល់សម្បុក​ពោះឬ​ក៏​បុរស​ស្ត្រី​ទាំងឡាយ​ណា​មាន​ស្បែក​យារ​ធ្លាក់​ក្រោយពី​ការ​សម្រកទម្ងន់​អស់​ជាច្រើន​មក។

តើ​ការ​វះកាត់​មាន​គោលបំណង​ដូចម្ដេច?

គោលបំណង​នៃ​ការ​វះកាត់​របស់​យើង​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ស្បែក​ពោះឬ​សាច់​ដុំពោះ​ហាប់ណែន​តាមរយៈ​ការ​ដេរ​បញ្ចូល​សាច់ដុំ​ពោះ​ដែលញែក​ពី​គ្នាហើយ​យក​ស្បែកព្រម​ទាំង​ខ្លាញ់​នៅ​ខាងក្រោម​ផ្ចិត​របស់​យើង​នោះ​ចេញ។

តើ​ការ​វះកាត់​ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?

ជា​ដំបូងវេជ្ជបណ្ឌិត​ឯកទេស​នឹង​ធ្វើការ​ប៉ាន់ស្មាន​ពី​បរិមាណ​នៃ​ស្បែកនិង​ខ្លាញ់​ដែល​ត្រូវ​យក​ចេញ​។ ក្នុង​ករណី​ដែល​ពុំ​មាន​ខ្លាញ់ឬ​គ្រាន់តែ​មាន​ខ្លាញ់ និង​ស្បែក​បន្តិចបន្តួច​តែ​ប៉ុណ្ណោះប៉ុន្តែ​សាច់ដុំ​ពោះ​ញែក​ចេញ​ពី​គ្នាដូច្នេះ​គេ​អាច​ធ្វើ​ការ​វះកាត់​តាមរយៈ​ម៉ាស៊ីន អង់ដូស្កុបដើម្បី​ដេរ​បញ្ចូល​សាច់ដុំ​ចូល​គ្នា។វិធីសាស្ត្រ​ព្យាបាល​នេះ​បន្សល់​ទុក​នូវ​ស្នាម​តូច​មួយ​ត្រង់​កន្លែង​ដាក់បញ្ចូល​នូវ​ឧបករណ៍​វះកាត់​នោះ​។

ក្នុង​ករណី​ការ​យារ​ធ្លាក់​ស្បែក​ពោះកម្រិត​ល្មម​នោះការ​វះកាត់​យក​ស្បែក​ពោះនិង​ខ្លាញ់​ចេញ​ដែល​យើង​ហៅថា MiniTummy Tuck ជា​ការ​វះកាត់​ម្យ៉ាង​មាន​លក្ខណៈ​មធ្យម​។

ដោយឡែក​បុរស​ស្ត្រី​ដែល​មានស្បែក​យារ​ធ្លាក់​យ៉ាង​ខ្លាំងការ​វះកាត់​គឺ​មាន​លក្ខណៈ​ធំធេងនិង​ចាំបាច់​ត្រូវ​យក​ចេញ​នូវ​ស្បែក​ខ្លាញ់​ស្ថិត​នៅ​ខាង​ក្រោម​ផ្ចិត ចេញ។វា​អាច​អនុវត្តន៍​តាមរយៈ​ការ​វះកាត់​ផ្ដើម​ពី​ឆ្អឹងត្រគាក​ម្ខាង​ទៅឆ្អឹងត្រគាក​ម្ខាង​ចំ​ពី​លើ​ថ្ងាស​។ ទន្ទឹម​នឹង​នោះខ្លាញ់​និង​ស្បែក​របស់​យើង​ត្រូវ​បាន​ញែក​ពី​សាច់ដុំ​ដើម្បី​ឲ្យវេជ្ជបណ្ឌិត​មាន​លទ្ធភាព​ដេរ​សាច់ដុំ​បញ្ចូល​គ្នា។ ស្បែកនិង​ខ្លាញ់​ដែល​នៅ​សល់​នឹង​ទាញ​ចុះ​មក​ក្រោម​ហើយ​កាត់​តម្រឹម​ធ្វើ​យ៉ាង​ណាឲ្យ​សម​ទៅ​នឹង​រូបរាងកាយ​របស់​អ្នក​ជំងឺ​។

ការ​វះកាត់​ទាំងនេះ​ចាំបាច់ត្រូវ​អនុវត្ត​នៅក្នុង​មន្ទីរពេទ្យ​មាន​បន្ទប់​វះកាត់​មាន​គុណភាពនិង​មាន​បន្ទប់​សង្គ្រោះបន្ទាន់​ក្នុង​ករណី​ចាំបាច់។

តើ​មាន​ផលវិបាក​អ្វី​ខ្លះ​ក្រោយ​វះកាត់?

រយៈពេល៣​ថ្ងៃ​ដំបូង​អ្នក​ជំងឺ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ។បញ្ហា​មួយ​ដែល​កើតឡើង​ក្រោយ​វះកាត់​គឺ​ការ​ឈឺចាប់​ជាធម្មតា​មាន​រយៈពេល​២​ថ្ងៃ​ហើយ​ចាប់ផ្តើម​អន់​បន្តិច​ម្តងៗ។អ្នក​ជំងឺ​អាច​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ប្រើប្រាស់​នូវ​ប្រភេទ​ថ្នាំ​ផ្សះនិង​ថ្នាំ​បំបាត់​ការ​ឈឺ​រយៈពេល​១០​ថ្ងៃ។

បញ្ហា​មួយ​ទៀត​ដែល​យើង​ជួបប្រទះ​ប្រមាណ​៥០​ភាគរយ​នៃ​ការ​វះកាត់គឺ​ការ​បង្កើតឡើង​នូវ​ទឹកសេរ៉ូមឬ​ក៏​មាន​លាយ​ឈាម​បន្តិចបន្តួច​នៅ​ក្រោម​ស្បែក​ពោះ។ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​មាន​បញ្ហា​នេះមាន​តែ​២០​ភាគរយ​ទេ​ដែល​ត្រូវ​ធ្វើការ​វះកាត់​យក​ទឹក​នៅ​សេសសល់​នោះចេញ។

ផលវិបាក​មួយ​ដែល​ធ្ងន់ធ្ងរ​គឺ​ការ​ប៉ះពាល់​សរសៃ​វិញ្ញាណក្រោម​ស្បែក​ធ្វើឲ្យ​ស្ពឹក​នៅលើ​ស្បែក​ពោះ​។ក្រៅពី​នោះ​ផលវិបាក​នានា​ដូចជា​ការ​បង្ក​រោគនិង​ការ​ហូរឈាម​មាន​អត្រា​៥​ភាគរយ​នៃ​ការ​វះកាត់​។បញ្ហា​នេះ​អាច​ចៀសវាង​តាមរយៈ​ការ​ប្រើ​ឧបករណ៍​វេជ្ជសាស្ត្រត្រឹមត្រូវនិង​ក្នុង​បន្ទប់​វះកាត់​ប្រកប​ដោយ​គុណភាព។

អ្នកជំងឺ​គួរ​ធ្វើអ្វី​ខ្លះ​ក្រោយ​វះកាត់?

ដើម្បីបន្ថយ​នូវ​ការ​បន្សល់​ទឹក ឬ​សេរ៉ូម​នៅ​ក្រោម​មុខរបួស​វះកាត់វេជ្ជបណ្ឌិត​ច្រើន​ណែនាំ​ឲ្យ​អ្នកជំងឺ​ស្លៀកពាក់​នូវ​ខោអាវ​រឹបធ្វើ​យ៉ាង​ណា​ធ្វើឲ្យ​ស្បែក​ពោះ​មាន​ការ​ស្អិត​ផ្ទាល់​ជាមួយ​សាច់ដុំ​ពោះដើម្បី​ជំរុញ​ឲ្យ​ការ​ដុះសាច់​ឆាប់រហ័ស។

អ្នក​ជំងឺ​គួរតែ​ចៀសវាងការ​ហាត់ប្រាណ​ហួសហេតុ​ពេក​ក្រោយ​ការ​វះកាត់ដែល​អាច​បង្ក​ឲ្យ​ស្បែក​ពោះ​តឹង​រហូត​ដល់​ដាច់​ថ្នេរឬ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ហូរឈាម​នៅ​ក្រោម​មុខរបួស៕

From: phnom penhpost វេជ្ជបណ្ឌិត ធឿង ច័ន្ទ​សីហា


អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04598828
  • ថ្ងៃនេះ687
  • ម្សិលមិញ1821
  • សប្តាហ៏នេះ2920
  • ខែនេះ10270
បណ្តាញទំនាក់ទំនងសង្គម