សេចក្តីជូនដំណឹង
​​​​​​​
ទម្រង់មុខ​អក្សរ​V​ពេញនិយម​នៅ​អាស៊ី
04/06/2014

បេក្ខនារី​បវរកញ្ញា​កូរ៉េ​ខាង​ត្បូង​​ឆ្នាំ​២០១៣​មាន​ទម្រង់​មុខ​​អក្សរ​V ស្រដៀងៗ​គ្នា។

រាល់​ដង​ពេលដែល​យើង​សម្លឹង​មើល​ទៅ​រូបថត​តារា​កូរ៉េ​ដ៏​ស្រស់ស្អាត​នោះយើង​សង្កេត​ឃើញ​ថា​ផ្ទៃមុខ​របស់​ពួកគេ​សុទ្ធសឹង​តែ​មាន​ទម្រង់​ប្រហាក់ប្រហែល​គ្នា។

ថ្មីៗ​នេះ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ប្រទេស​កូរ៉េ​ខាងត្បូងពេល​ដែល​គេ​ដាក់​រូបថត​បេក្ខនារី​ទាំង​២០​នាក់​នោះ​តម្រៀប​គ្នាគេ​សង្កេត​ឃើញ​ថា​ទម្រង់​មុខ​របស់​ពួកនាង​ស្រដៀង​គ្នា​ណាស់​ពោល​គឺជា​ប្រភេទផ្ទៃមុខ​ទម្រង់​អក្សរ V។ប៉ុន្តែ​នេះ​មិន​បាន​ន័យ​ថា​ស្ត្រី​ជនជាតិ​អាស៊ី​សុទ្ធតែ​កើតឡើង​មក​មានទម្រង់​មុខ​ដូច​គ្នា​នោះ​ទេ។ខណៈ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​លេខរៀង​ទី​១​ខាង​សម្បូរ​នារី​ធ្វើការកែសម្ផស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​នោះអ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថាសម្រស់​បវរកញ្ញា​កូរ៉េ​ទាំងនោះ​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​របស់​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​កែសម្ផស្ស​ដើម្បី​ទទួល​បាន​ផ្ទៃមុខ​មួយ​ដែល​កំពុង​ពេញនិយម​គឺ​ទម្រង់​អក្សរ​V​នេះ​ឯង។

ដើម្បី​ឈាន​ចូល​ទៅ​ដល់ការ​ស្វែងយល់​អំពី​ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ផ្ទៃមុខ​អក្សរV យើង​គួរ​ស្វែងយល់​អំពី​ភាព​ខុសគ្នា​រវាង​ផ្ទៃមុខនិង​ទម្រង់មុខ​របស់​ជនជាតិ​អាស៊ី និង អឺរ៉ុប​ជា​មុន​សិន។

ភាព​ខុស​គ្នា​រវាង​ទម្រង់មុខ​ស្ត្រី​អាស៊ីនិង​អឺរ៉ុប

ស្ត្រី​ជនជាតិ​អាស៊ីនិង​អឺរ៉ុប​ក្រៅ​អំពី​ពណ៌​សម្បុរ​ដែល​មាន​ភាព​ខុស​គ្នា​ទម្រង់​ផ្ទៃមុខកោសិកា​ខ្លាញ់​នៅ​ក្រោម​ស្បែកនិង​រចនា​សម្ពន្ធ​ស្បែក​ក៏​មិន​ដូច​គ្នា​ដែរ​។សូម្បី​តែ​នៅក្នុង​ចំណោម​ជនជាតិអាស៊ី​ដូច​គ្នា​ក៏​យើង​ឃើញ​ថា​ផ្ទៃមុខ​ក៏​ខុស​គ្នា​ដែរ ដូចជាប្រទេស​ជប៉ុន​ដែល​ប្រជាជន​មាន​ទម្រង់​មុខ​វែង​ថ្ពាល់​ធំចំណែកឯ​ជនជាតិ​ចិន​មាន​ទម្រង់​មុខ​តូច​ជាដើម។ដោយ​ឡែក​ចំពោះ​ឆ្អឹង​ផ្ទៃមុខ​របស់​ជនជាតិ​អាស៊ីយើង​សង្កេត​ឃើញ​ថាឆ្អឹង​ថ្ពាល់​របស់​គាត់​មាន​ទំហំ​ធំ​ចេញ​មក​ក្រៅ​បើធៀប​ជាមួយ​នឹង​ឆ្អឹង​ថ្ពាល់​របស់​ជនជាតិ​អឺរ៉ុបដែល​មាន​សភាព​តូច​នឹង​លយ​មក​មុខ។រីឯ​ផ្ទៃមុខ​ជនជាតិ​អឺរ៉ុប​យើង​សង្កេត​ឃើញ​ថា​មាន​ប្រវែង​វែងនិង​ចង្កា​ស្រួច​ផ្ទុយ​អំពី​ជនជាតិ​អាស៊ី​ដែល​មាន​មុខ​ខ្លី​សំប៉ែត​និងឆ្អឹងថ្គាម​ធំ​ជាដើម។នៅ​ផ្នែក​ច្រមុះ​ភាព​ខុស​គ្នា​ដ៏​សំខាន់​មួយ​គឺ​ជនជាតិ​អាស៊ី​មាន​ច្រមុះពុំ​សូវ​មាន​ក្តោងស្លាប​ច្រមុះ​ធំ​និង​ចុង​ច្រមុះ​រីក​ខុស​អំពី​ជនជាតិ​អឺរ៉ុប​ដែល​មានឆ្អឹងច្រមុះ​ខ្ពស់​ស្រួច​ចុង។

ឆ្អឹងថ្គាម​ធំ​របស់​ជនជាតិ​អាស៊ី​គឺជា​បញ្ហា​មួយ​ដ៏សំខាន់និង​ពិបាក​កែ​ដើម្បី​ទទួល​បាន​មុខ​អក្សរ​V។ការ​កើនឡើង​នូវ​ការ​និយម​ផ្ទៃមុខ​អក្សរ​V​នេះ​បាន​ធ្វើឲ្យ​ស្ត្រី​ជនជាតិអាស៊ី​យើង​មួយ​ចំនួន​ព្យាយាម​ស្វែងរក​នូវ​វិធីសាស្ត្រ​ទាំងឡាយ​ណា​ដើម្បីកែកុន​ផ្ទៃ​មុខ​តាមរយៈ​ការ​វះកាត់ និង​មិន​វះកាត់ការ​ប្រើប្រាស់សារធាតុ​បំពេញ​(Filler) ឬ​ក៏​ប្រើប្រាស់​ប្រភេទ​បូថក់ (Botox) ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ផ្ទៃមុខ​ផ្នែក​ចង្កានិង​ថ្គាម​ជាដើម។

វិធីសាស្ត្រ​ធ្វើ​ទម្រង់មុខ​អក្សរ​V

ដូច្នេះ​ជា​គោលការណ៍​ដើម្បី​ទទួល​បាន​ផ្ទៃមុខ​វែង​ដូច​អក្សរ​V នោះ​គឺ​ចាំបាច់​ណាស់​ដែល​ស្ត្រី​ជនជាតិ​អាស៊ី​ធ្វើការ​កែប្រែ​នៅលើ​ផ្នែក​ថ្គាម​របស់​ខ្លួន និង​បង្កើន​នូវ​ទំហំ​ចង្កា​ជាដើម។

សព្វថ្ងៃតាមរយៈ​ការ​រីកចម្រើន​នៃ​ការ​ស្រាវជ្រាវ​អំពី​ការ​ថែរក្សា​សម្ផស្ស​បាន​រក​ឃើញនូវ​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បំពេញ​បំណង​នៃ​តម្រូវការ​ទាំងនេះ។វិធីសាស្ត្រ​ទាំងនោះ​អាច​ជា​វិធីសាស្ត្រ​ដែល​ចាំបាច់​ទទួល​ការ​វះកាត់ឬ​ក៏​ជា​វិធីសាស្ត្រ​មិន​វះកាត់។

ការ​ព្យាបាល​បញ្ហា​ថ្គាម​ធំ

ការ​ដែល​មាន​ថ្គាម​ធំឬ​ដែល​ភាសា​សាមញ្ញ​ហៅ​ថា​ថ្គាមខ្លា​ជា​កង្វល់​មួយ​នៅ​លើ​ស្ត្រី​មួយ​ចំនួន​។ថ្គាមខ្លា​បង្ក​ឲ្យ ផ្ទៃមុខ​របស់​យើង​មាន​លក្ខណៈ​សំប៉ែតនិង​ខ្លី​យ៉ាង​ខ្លាំង។វា​អាច​បណ្តាល​មកពី​កត្តា​ពីរ​យ៉ាង​ដែល​ក្នុង​នោះ​ទី​មួយ​គឺ​ទាក់ទង​ជាមួយទម្រង់​ទ្រង់ទ្រាយ​ឆ្អឹងថ្គាម​របស់​យើង​ផ្ទាល់​តែ​ម្តងនិង​ទី​ពីរ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ទំហំ​សាច់ដុំ​ដែល​យើងប្រើប្រាស់​សម្រាប់​ទទួលទាន​ចំណី​អាហារ។

តាំងពី​ដើម​មក​ការ​ព្យាបាលថ្គាមខ្លា​ទាំង​នេះ​គឺ​អាស្រ័យ​ទៅលើ​ការ​វះកាត់​យក​ចេញ​នូវ​ទ្រនុង​ឆ្អឹង​គល់ ថ្គាម​របស់​យើង។ការ​ព្យាបាល​ដោយ​វិធីសាស្ត្រ​នេះ​គឺ​ទទួល​បាន​នូវ​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ដោយ​បង្កើត​បាន​នូវ​ទម្រង់​ទ្រង់ទ្រាយ​មុខ​របស់​យើង​មាន​សភាព​ស្អាតនិង​មាន​លក្ខណៈ​អក្សរ​V។

ទោះ​យ៉ាង​ណាផលវិបាក​មួយ​ចំនួន​ក៏​អាច​កើត​មាន​ក្រោយ​ការ​វះកាត់​ដែរ​ដូចជា​ការ​ប៉ះពាល់ទៅលើ​សរសៃ​វិញ្ញាណ ឬ​ការ​ប៉ះពាល់​សាច់​ជុំវិញ​នោះ​ជាដើម។ការ​ព្យាបាល​ទាំងនេះ​គឺ​អាច​អនុវត្ត​បាន​តែ​នៅ​លើ​ឆ្អឹងប៉ុន្តែ​ក្នុង​ករណី​ដែល​ថ្គាមខ្លាឬ​ក៏​ទំហំ​ថ្គាម​នោះ​ធំ​ដោយសារ​តែ​បរិមាណ​សាច់ដុំ​ដូច្នោះ​ការ​វះកាត់​ទាំង​នេះ គឺ​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​ទេ។

សូម​ស្វែងយល់​បន្ថែម​ទៀត​អំពី​ការព្យាបាល​ផ្ទៃមុខ​ឲ្យ​មាន​ទម្រង់​អក្សរ​V​នេះ​ដោយ​រង់ចាំ​អាន​បន្ត​នៅ ទំព័រ «សុខភាព និង​សម្ផស្ស» ដែល​ចេញ​ផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ពុធ។

អត្ថបទនេះ​ចូលរួម​ចែក​រំលែក​ដោយ​មជ្ឈមណ្ឌល​ផ្ដល់​ប្រឹក្សា​ផ្នែក​សម្ផស្សPearl Medical Center ទូរស័ព្ទ ០៨៨ ៣៣៧៧ ៧៧៧ និង វិបសាយwww.pearlmedicalcenter.net៕

FROM: PHNOM PENH POST/វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05193170
  • ថ្ងៃនេះ3984
  • ម្សិលមិញ1016
  • សប្តាហ៏នេះ5216
  • ខែនេះ21190
បណ្តាញទំនាក់ទំនងសង្គម