សេចក្តីជូនដំណឹង
​​​​​​​
យុវតី​សម័យ​ថ្មី​វៀតណាម​​ ​ចុះ​អប់រំ​ក្មេង​ជំទង់​ពី​បញ្ហា​ផ្លូវ​ភេទ​ដ៏​រសើប​​ក្នុង​សង្គម​

25/08/2020


ក្រុងហាណូយ៖ ហួង បាន​រម្លូត​​កូន ២ ដង​ក្នុង​រយៈពេល ២ ឆ្នាំ​។ គ្មាន​នរណា​បាន​និយាយ​ជាមួយ​នាង​អំពី​បញ្ហា​ផ្លូវ​ភេទ​ ទាំង​ឪពុក​ម្ដាយ ទាំង​គ្រូ​បង្រៀន និង​សូម្បី​តែ​មិត្ដភក្ដិ​ដែល​បាន​ដឹង​តិច​តួច​បំផុត​ពី​នាង​។

យុវតីវ័យ ២០ ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា​៖ «​គួរ​ឲ្យ​ខ្លាច​បំផុត​ពេល​បាន​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃ​ពោះ​។ ខ្ញុំ​គិត​ថា បើ​មាន​ការ​អប់រំ​អំពី​បញ្ហា​ផ្លូវ​ភេទ យើង​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ជីវិត​នេះ​ដែរ​»។

មិន​មែន​តែ ហួង ទេ​ដែល​កើត​បញ្ហា​នេះ​។ កង្វះ​ការ​អប់រំ​ផ្លូវ​ភេទ​ទាំង​នៅ​ផ្ទះ ឬ​សាលារៀន​ក្នុង​ប្រទេស​វៀតណាម ជា​លទ្ធផល​នៃ​ការ​ពឹង​អាស្រ័យ​លើ​ការ​រម្លូត​កូន​ជា​វិធានការ​គ្រប់គ្រង​កំណើត​។

កញ្ញា លិញ ហួង អាយុ ២៣ ឆ្នាំ កំពុង​បំពេញ​បេសកកម្ម​ផ្លាស់​ប្ដូរ​អត្ដចរិត​ហួស​សម័យ​ក្នុង​ប្រទេស​មិន​ធ្លាប់​បើក​ទូលាយ​ក្នុង​ការ​ជជែក​អំពី​បញ្ហា​សិច​ ឬ​ភេទ​សម្ព័ន្ធ​ បាន​និយាយ​ថា​៖ «​ការ​ជជែក​អំពី​សិច​មិន​មែន​ជា​ប្រធាន​បទ​ត្រូវ​ហាម​ឃាត់​ឡើយ​»។

លិញ ​​បាន​រំឭក​ថា គ្រូ​ជីវវិទ្យា​បង្រៀន​មុខ​វិជ្ជា​បន្ដ​ពូជ​ដោយ​មិន​ពន្យល់​អ្វី​ទៅ​ជា​​សិច​ទៅកាន់​សិស្ស​សាលា​អាយុ​ខ្ទង់ ១៣ ឆ្នាំ ដែល​មិន​មាន​បំណង​ចង់​ដឹង​ដែរ​នោះ​ទេ​។​

យុវតី​រូប​នេះ បាន​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​មិន​ដែល​លើក​យក​បញ្ហា​ផ្លូវ​ភេទ​មក​និយាយ​ ហើយ​សង្គម​ក៏​មិន​ខ្វាយ​ខ្វល់​អ្វី​ទៅ​ជា​ការ​អប់រំ​ផ្លូវ​ភេទ និង​ធ្វើ​តាម​របៀប​ណា​ឡើយ​។


Content image - Phnom Penh Post
កញ្ញា លិង ហួង អាយុ ២៣ ឆ្នាំ ​បំពេញបេសកកម្ម​អប់រំសុខភាពផ្លូវភេទ។ រូបថត AFP

ជាមួយ​មិត្ដភក្ដិ​អាយុ​ខ្ទង់ ២០ ឆ្នាំ​ស្ដើង លិញ បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​ដែល​អប់រំ​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ WeGrow Edu ក្នុង​ទីតាំង​ការងារ​រួម​នៅ​ក្រុង​ហាណូយ ជា​ទី​ដែល​ពួក​គេ​រៀបចំ​កញ្ចប់​កាដូ​ញាត់​សំឡី​អនាម័យ ឧបករណ៍​តេស្ដ​គភ៌ និង​ស្រោម​អនាម័យ ព្រម​ទាំង​ការ​ណែនាំ​អំពី​វិធី និង​ពេល​វេលា​ដែល​យុវវ័យ​គួរ​ប្រើ​វា​។

នៅ​ឆ្នាំ ​២០១៩ តួលេខ​រម្លូត​កូន​ផ្លូវ​ការ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១២ ករណី ​សម្រាប់​រាល់​កំណើត​ទារក ​១០០ នាក់ ទោះបីជា​ UNFPA បាន​ឲ្យ​ដឹង​ថា តួលេខ​ពិត​ត្រូវ​បាន​ជឿ​ថា​មាន​ខ្ពស់​ជាង​នេះ​ក្ដី។

WeGrow Edu ដែល​បាន​ទទួល​មូលនិធិ​ ១ ​ផ្នែក​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​វៀតណាម ពេល​នេះ​កំពុង​ធ្វើ​ការ​ជាមួយ​សាលា​រៀន​ចំនួន ២០ នៅ​ក្រុង​ហាណូយ​។ ខណៈ​ប្រអប់​កាដូ​មាន​តម្លៃ ៥០ ដុល្លារ ដែល​លើស​ពី​សមត្ថភាព​របស់​ឪពុក​ម្ដាយ​វៀតណាម​ទូទៅ កញ្ញា លីញ បាន​និយាយ​ថា តម្រូវ​ការ​មាន​ខ្ពស់​។

នាង​និយាយ​​ថា​៖ «​ពេល​មិត្តភក្ដិ​ខ្ញុំ​​ទទួល​ប្រអប់​កាដូ​ គេ​បាន​សារភាព​ថា ជា​លើក​ដំបូង​ហើយ​ដែល​បាន​ស្ទាប​ស្រោម​អនាម័យ​»៕ AFP/HR


Content image - Phnom Penh Post
នៅវៀតណាម យុវវ័យ​មិន​ពិបាក​ក្នុងការ​ស្វែងរក​វិធី​ពន្យា​រកំណើត​ទេ ​តែ​សង្គម​ចាត់ទុកថាជាទង្វើមិនសមរម្យ​​។ រូបថត AFP



From: phnom penh post
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05540993
  • ថ្ងៃនេះ10459
  • ម្សិលមិញ729
  • សប្តាហ៏នេះ10459
  • ខែនេះ45445
បណ្តាញទំនាក់ទំនងសង្គម