សេចក្តីជូនដំណឹង
​​​​​​​
ឆាវ​ឆាវ​ រឿង​​ “​សាមកុក” ​​ជា​នរណា?​
គ្រាន់​តែ​និយាយ​ពី​​ឈ្មោះ​​ឆាវ​ឆាវ​ ​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ ​​ប្រាកដ​ជា​​នឹក​​ឃើញ​​ភ្លាម​ទៅ​ដល់​ខ្សែភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ​សាស្ត្រ​​ Three Kingdoms ដែល​​ទស្សនិកជន​​ខ្មែរ​ហៅ​ថា​ សាម​កុក​ ​​(នគរ​ទាំង​បី)។​

​តាម​ពិត​ទៅ ​ដូច​ដែល​ប្រិយមិត្ត​ បាន​ដឹង​​ហើយ​ថា​ រឿង​ “​សាមកុក” ​ត្រូវ​បាន​ផលិត​​ជា​ច្រើន​​លើក​ច្រើន​សារ​រួច​មក​ហើយ​ ​ហើយ​សាច់រឿង​​ស្ទើរ​តែ​គ្មាន​កែប្រែ​នោះ​ទេ ​ខណៈ​ដែល​តួអង្គ​មាន​ការ​ផ្លាស់​ប្ដូរ​​រហូត។​ ​អ្វី​​ដែល​ Sabay ​ចង់​បង្ហាញ​មិត្ត​អ្នក​អាន​ថ្ងៃ​នេះ​ គឺ​​​​តួ​អង្គ​ឆាវ​ឆាវ​​ដែល​​​​ថត​កាល​ពី​ឆ្នាំ​២០១០​​​ ដែល​​ដឹក​នាំ​ដោយ​លោក​​​ Gao Xixi​ ​របស់​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​របស់​ចិន​គឺ​ CCTV។ ​​​

មិន​ខុស​ពី​ភាពយន្ត​​មុន​ៗ​នោះ​ទេ​ តួ​អង្គ​ឆាវ​ឆាវ ​​​ដែល​ផលិត​ឡើង​នៅ​ឆ្នាំ​២០១០ ​​​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ ​​​​តួ​អង្គ​ចរិត​សម្បូរ​បែប​ ពោល​ ជា​មនុស្ស​ស្លូត​​ កាច​​ សាហាវ​​ ​​​​​​​ចិត្ត​​ល្អ ឆ្លាតវៃ​ ​​ពោរពេញ​ដោយ​ល្បិចកល​​​ ​​​យុទ្ធសាស្ត្រ​សង្គ្រាម​ ​និង​​ចេះ​ប្រើ​ប្រាស់​មនុស្ស​​ ​តែ​មិន​សូវ​មាន​គុណធម៌​ ​និង​​មិន​ពូកែ​ក្បាច់​គុណ​​នោះ​ទេ។

​​តាម​រយៈ​សាច់រឿង​ ​​គេ​​នៅ​មិន​ទាន់​​ភ្លេច​ទេ​ថា​ ​ក្នុង​រយៈពេល​ដែល​ទើប​នឹង​ចាប់​ផ្ដើម​មាន​ចលាចល​​នៃ​ការ​ច្បាំង​ដណ្ដើម​​​គ្នា​ធ្វើ​ធំ​​ពី​បណ្ដា​មេទ័ព​ជើង​ខ្លាំង​​ទាំង​ឡាយ​នា​ចុង​​សម័យ​រាជវង្ស​ហាន​ខាង​កើត​ ​ ឆាវឆាវ​ មាន​ឋានៈ​តូច​ទាប​ និង​​មាន​ឥទ្ធិពល​ដ៏​តិចតួច​បំផុត។ ​ក៏​ប៉ុន្តែ​​ ដោយសារ​តែ​ភាព​ឈ្លាសវៃ​ ​ទីបំផុត​​គេ​អាច​បង្ក្រាប​មេទ័ព​ទាំង​នោះ​ឱ្យ​ចុះ​ញ៉ម​​ រហូត​​បង្រួបបង្រួម​​គ្នា​តែ​មួយ​វិញ​បាន​ ហើយ​ចុង​ក្រោយ​គេ​អាច​​ក្តាប់​បាន​អំណាច​ជា​ឧបរាជ​នៅ​នគរ​ហាន​អស់​ពេល​​ជា​ច្រើន​ឆ្នាំ​​។ ​​​
​​
​កំណាព្យ​​​ និង​ទ្រឹស្តី​ ​មួយ​ចំនួន​​ប្រហែល​ជា​​​ទស្សនិកជន​មួយ​ចំនួន​នៅ​ចងចាំ​មិន​ទាន់​​ភ្លេច​នោះ​ទេ​ ប្រសិន​បើ​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​​ពី​​​វគ្គ​ដំបូង​​រហូត​ដល់​ចប់។ ​

​​​ទ្រឹស្តី​មួយ​ដែល​​​​​គេ​ចាំ​មិន​ភ្លេច​​​​​ ហើយ​ត្រូវ​បាន​ទស្សនិកជន​ចាត់​ទុក​ថា​ ​ទស្សនៈ​អមនុស្សធម៌​របស់​ឆាវឆាវ​​​​ គឺ​នៅ​ពេល​​ឆាវឆាវ​​​​ច្រឡំ​​សម្លាប់​អ្នក​ភូមិ​គ្រួសារ​​លីង​ អស់​ជាង​ ១០​​នាក់​ ​​និង​ថែម​ទាំង​បាន​សម្លាប់​​អ៊ំ​​​ប៉សឺរ​ ​​​ដែល​ជា​បង​ប្អូន​ធម៌​របស់​ឪពុក​ឆាវឆាវ​ ​(ត្រូវ​ជា​អ៊ំ​ប្រុស​ឆាវឆាវ)។ ឆាវឆាវ​បាន​​និយាយ​​នៅ​ពេល​នោះ​ថា​ ៖ “​

“…​គឺ​ព្រោះ​តែ​​ច្រឡំ​ ​ច្រឡំ​សម្លាប់​ទៅ​ហើយ​ ​ ដូច្នេះ​ត្រូវ​​​តែ​ជម្រះ​​ស្មៅ​ទាំង​ឫស​តែ​ម្ដង…”។ ​

​ឆាវ​ឆាវ​ ថែម​​​ទាំង​បាន​ពោល​ទៀត​ថា​ ៖

​​“​​​ខ្ញុំ​សុខ​ចិត្ត​ក្បត់​​មនុស្ស​នៅ​ក្នុង​លោក​​​ ​តែ​មនុស្ស​នៅ​​ក្នុង​លោក​មិន​អាច​​​​ក្បត់​​ខ្ញុំ​​បាន​ទេ” ​​​​​​

​​​អំពី​តួ​អង្គ​ឆាវឆាវ៖
​ស៊េរី​ភាពយន្ត​​ “​សាម​កុក” ផលិត​ក្នុង​ឆ្នាំ​២០១០​ ​ឆាវ​ឆាវ​សម្ដែង​ដោយ​ Chen Jianbin ​បច្ចុប្បន្ន​មាន​វ័យ​ ​៤៣​​ឆ្នាំ​ ជា​តួ​សម្ដែង​ អ្នក​​​ដឹក​នាំ​រឿង​​ និង​ជា​សាស្ត្រាចារ្យ​​​ផ្នែក​ភាពយន្ត។ ​​លោក​បាន​សិក្សា​​ផ្នែក​ភាពយន្ត​ពី​សាលា​​​បណ្ឌិត​សភា​​ភាពយន្ត​​​​មជ្ឈិម​ចិន​​​​​ (Central Academy of Drama) ​​ដោយ​បាន​​បញ្ចប់​ថ្នាក់​​បរិញ្ញាបត្រ​ជំនាញ​នេះ​នៅ​ឆ្នាំ​​១៩៩៤​ និង​ថ្នាក់​អនុបណ្ឌិត​ពី​សាលា​ដដែល​​នៅ​ឆ្នាំ​១៩៩៨។ ​​លោក​បាន​បំពេញ​តួនាទី​​ជា​​តារា​សម្ដែង​ផង​ ជា​សាស្ត្រា​ផ្នែក​ភាពយន្ត​ផង​ និង​ជា​​អ្នក​ដឹក​​នាំ​រឿង​ផង។


                        Chen Jianbin ​សម្ដែង​​រឿង​ “Driverless” ឆ្នាំ​២០១០

​លោក​ទើប​នឹង​ដឹក​នាំ​រឿង​បាន​មួយ​រឿង​ប៉ុណ្ណោះ​ គឺ ​”Ni Shi Wo Ai Ren” (You Are My Love(r)) ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ Hunan TV កាល​ពី​ឆ្នាំ​ទៅ​មិញ។ ​ក្នុង​ភាពយន្ត​​នេះ​​លោក​បាន​ដឹក​នាំ​ការ​សម្ដែង​ផង​ និង​ដើរ​តួ​​​សម្ដែង​ផង។

​​និយាយ​ពី​អាជីព​សម្ដែង​ ​តួ​អង្គ​ឆាវឆាវ​ម្នាក់​នេះ​ ​​​បាន​សម្ដែង​​ពី​ឆ្នាំ​១៩៩៧​ គឺ​​រយៈ​ពេល​មួយ​ឆ្នាំ​មុន​​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ភាពយន្ត​ពី​ ​សាលា​​​​បណ្ឌិត​សភា​​ភាពយន្ត​មជ្ឈិម​​​ចិន​​ (Central Academy of Drama)។ ​ភាពយន្ត​ដំបូង​ដែល​លោក​បាន​សម្ដែង​ គឺ​ Jing Gang Ai Qing Xian (京港爱情线) ​ជម្រៅ​ស្នេហ៍​ជីង​កាន។

​​ក្នុង​​ចំណោម​ភាពយន្ត​ដែល​លោក​បាន​សម្ដែង​​ជាង​ ១០​ រឿង​​ ​រឿង​​ “សាម​កុក” ​​បាន​ធ្វើ​ឱ្យ​​​តារា​សម្ដែង​​​ម្នាក់​នេះ​មាន​​​ឈ្មោះ​បោះ​សំឡេង​​យ៉ាង​ខ្លាំង​ ពោល​គឺ​មិន​ត្រឹម​តែ​​​​នៅ​​កម្ពុជា​​​ប៉ុណ្ណោះ​ទេ​​ នៅ​ចិន​ កូរ៉េ​ និង​បណ្ដា​ប្រទេស​​ជា​ច្រើន​​ទៀត​​​​ក៏​ចាប់​ផ្ដើម​ស្គាល់​តួអង្គ​ឆាវ​ឆាវ​សម័យ​ទំនើប​នេះ​ដែរ។ ​​​​​រឿង​​នេះ​ លោក​បាន​ទទួល​ពាន​​តួ​សម្ដែង​សម​បំផុត​ (Best Actor Award) ​នៅ​ឆ្នាំ​​២០១១​ ពី​​កម្មវិធី​ប្រគល់​ពាន​​​អន្តរជាតិ​​ Seoul International Drama Awards ​​រៀប​ចំ​នៅ​​ទីក្រុង​​សេអ៊ូល​ ​ប្រទេស​កូរ៉េខាងត្បូង​។

ចំណែក​នៅ​ប្រទេស​ចិន​វិញ​ ​រឿង​ “​សាម​កុក”​ នេះ​ដែរ​ ​ក៏​បាន​ធ្វើ​ឱ្យ​​តារា​សម្ដែង​ម្នាក់​នេះ​ ​​ទទួល​បាន​ពាន​ Person of the Year​ ពី​ TV Drama Awards​ Made in China ​រៀប​ចំ​ឡើង​ដោយ​ទូរទស្សន៍​ Anhui Television ដែរ។ ​​​​​

​​​​​កាល​ពី​ឆ្នាំ​២០០៦​ Chen Jianbin​ ​ក៏​ទទួល​បាន​​ពាន​មួយ​ដែរ​ ​គឺ​​​​​​តារា​សម្ដែង​ប្រជាប្រិយ​​បំផុត​ (Most Popular Actor) ​​ដែល​មាន​ឈ្មោះ​ Golden Eagle Television Awards​ លើក​ទី ២៣ តាម​រយៈ​ខ្សែភាពយន្ត ​​Qiao Jia Da Yuan ​របស់​ស្ថានីយ​ទូរទស្សន៍​​ CCTV។ ​ក្រៅ​ពាន​រង្វាន់​ទាំង​នេះ នៅ​មាន​ពាន​ជា​ច្រើន​ទៀត។ ​

​​​​Chen Jianbin​ ​​បាន​​រៀប​អាពាហ៍ពិពាហ៍​​ជា​មួយ​ Jiang Qinqin នៅ​ឆ្នាំ​២០០៦​ ​និង​​ទទួល​បាន​​កូន​ប្រុស​​ម្នាក់​នៅ​ឆ្នាំ​២០០៧៕
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05180360
  • ថ្ងៃនេះ2052
  • ម្សិលមិញ393
  • សប្តាហ៏នេះ3627
  • ខែនេះ8380
បណ្តាញទំនាក់ទំនងសង្គម