



តារាចម្រៀងលំដាប់កំពូលរបស់កម្ពុជាលោក ព្រាប សុវត្ថិ និងម្ចាស់ផលិតកម្ម Galaxy Navatra ប្រកាសជំហរដូចលើការប្រកួតប្រជែងផ្នែកទីផ្សារចម្រៀងទាំងនៅក្នុងស្រុក និងក្នុងក្របខ័ណ្ឌអាស៊ាន ក្រោយពីបានចុះហត្ថលេខាទទួលយកលោកព្រាប សុវត្ថិ ធ្វើជាដៃគូសហការជាផ្លូវការក្នុងគ្រួសារ Galaxy កាលពីយប់មិញ។
ថ្លែងទៅកាន់សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសជាតិជាច្រើននាក់នៅសណ្ឋាគារ Gaden City ខណ្ឌព្រែកព្នៅ លោក ព្រាប សុវត្ថិ ថាលោកមានបទពិសោធន៍ជាង១៥ឆ្នាំលើវិស័យបទចម្រៀងជាមួយតារាចម្រៀងល្បីៗពីប្រទេសដែលជាសមាជិកអាស៊ាន ដូច្នេះលោកជឿថា នៅថ្ងៃអនាគត Galaxy នឹងពង្រីកមុខមាត់របស់ខ្លួនក្នុងនាមសិល្បៈចម្រៀងកម្ពុជាទៅកាន់ប្រទេសទាំងនោះ ព្រោះបច្ចុប្បន្នផលិតកម្មមានទាំងសមត្ថភាព និងលទ្ធភាព។
លើកឡើងស្រដៀងគ្នានេះដែរ លោកឧកញ៉ាវ័យក្មេង ឡេង ណាវាត្រា ដែលជាម្ចាស់ផលិតកម្ម Galaxy Navatra ហើយកំពុងមានជំនួញជាច្រើននៅក្នុងដៃនោះ និយាយថា រូបលោក និងតារាចម្រៀងព្រាប សុវត្ថិ មានបេះដូងស្រឡាញ់សិល្បៈដូចគ្នា ជាពិសេសផ្នែកចម្រៀង។ ដូច្នេះលោកនឹងចំណាយប្រាក់ប្រមាណពី២០ ទៅ៣០% នៃចំណូលសរុបរបស់លោកទៅលើវិស័យចម្រៀង ដែលជាក្ដីប្រាថ្នារបស់លោកជាយូរមកហើយនោះ។
ទោះជាយ៉ាងណា លោកបានបដិសេធចំពោះព័ត៌មានដែលថា ផលិតកម្ម Galaxy Navatra នឹងផ្ដល់ចំណូលដល់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ យ៉ាងក្រាស់ក្រែល ពោលគឺក្នុងមួយឆ្នាំ៣០ម៉ឺនដុល្លារ និងប្រាក់ខែ៨០០០ដុល្លារ ព្រមទាំងប្រាក់ចេញច្រៀងតាមកម្មវិធីផ្សេងៗជិត១០០០ដុល្លារក្នុង១លើក។
លោកឧកញ៉ា មិនបានបញ្ជាក់ពីចំណូលពិតប្រាកដដែល លោក ព្រាប សុវត្ថិ ត្រូវទទួលបាននោះទេ ប៉ុន្តែថាអ្នកទាំងពីបានចាប់ដៃគ្នាដោយស្ម័គចិត្ដ និងមានបេះដូងស្រឡាញ់សិល្បៈដូចគ្នា ហើយរួមគ្នាក្នុងនាមជាគ្រួសារតែមួយ៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ
First12 3 Next Last(38 Items) |





- ចំនួនអ្នកទស្សនា04759464
- ថ្ងៃនេះ407
- ម្សិលមិញ281
- សប្តាហ៏នេះ3200
- ខែនេះ19755