រាជនីសំនៀងមាស អ្នកស្រី សិរីសុទ្ធា ជាកងទ័ពឆ័ត្រយោង (មានវីដេអូ)
តារាចម្រៀងល្បីល្បាញជំនាន់ លោកស៊ិន ស៊ីសាមុត គឺអ្នកស្រីសិរីសុទ្ធា ធ្លាប់ធ្វើជាកងទ័ពឆ័ត្រយោង។ រវាងឆ្នាំ១៩៧០ នាសម័យសាធារណរដ្ឋខ្មែរ អ្នករស់ សិរីសុទ្ធា គឺជានារីតែមួយគត់ ដែលហ៊ានលោតឆ័ត្រយោង ពីលើអាកាសក្នុងប្រវត្តិសាស្ត្រកម្ពុជា។ កិត្តិនាមរបស់អ្នកស្រី សិរីសុទ្ធា កាន់តែល្បីល្បាញតាមរយៈការផ្សាយព័ត៌មានតាមកសែត វិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆ័ត្រយោងរបស់អ្នកស្រី។ចង់ឃើញអ្នកស្រីរស់ សិរីសុទ្ធា លោតឆ័ត្រយោងទេ សូមទស្សនាវីដេអូ ខាងក្រោម៖
រំលឹកប្រវត្តិត្រួសៗរបស់អ្នកស្រី សិរីសុទ្ធា
រាជនីសំនៀងមាស អ្នកស្រី រស់ សិរីសុទ្ធា បានបាត់ខ្លួននៅក្នុងអំឡុងចុងឆ្នាំ ១៩៧៧ ដោយគេដាក់ការសង្ស័យថា ទំនងជាស្លាប់នៅក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្ដែខ្លះថា អ្នកស្រីបានស្លាប់នៅក្នុងអំឡុងឆ្នាំ ១៩៨០ ដោយសារជំងឺមហារីកបំពង់ក។ ដូច្នេះចង់ដឹងប្រវត្តិរបស់អ្នកស្រីយ៉ាងណានោះ សូមអានអត្ថបទ ស្ដីពីប្រវត្តិត្រួសៗរបស់អ្នកស្រី រស់សិរីសុទ្ធា ខាងក្រោម៖
អ្នកស្រី រស់ សិរីសុទ្ធា មានឈ្មោះដើមថា រស់សុទ្ធា ហៅរៃ។ ឈ្មោះសិរី ទើបជាឈ្មោះកណ្ដាលថែមតាមក្រោយ បន្ទាប់ពីឈប់រៀនហើយទៅចាប់អាជីពជាអ្នកចម្រៀង។ ដូច្នេះហើយប្រជាជនខ្មែរគ្រប់រូបស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។
អ្នកស្រីរស់ សិរីសុទ្ធា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សឆ្នាំ ៦០ និង៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត។ កំពូលតារាចម្រៀងរូបនេះមានដើមកំណើតនៅថ្ងៃសុក្រ ខែកត្ដិក ឆ្នាំច ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
សូមចុចអាន៖ រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត (Video)
ឪពុករបស់អ្នកស្រី សិរីសុទ្ធា គឺជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង គឺលោកតា រស់ ប៊ុន មានស្រុកកំណើតនៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រាឡាច ខេត្តកំពង់ឆ្នាំង ហើយទទួលមរណៈភាពនៅអំឡុងឆ្នាំ១៩៩៥។ រីឯម្ដាយមាននាមថា ណាត់ សាមៀន មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ដោយទទួលមរណកាលនៅសម័យខ្មែរក្រហម។
អ្នកស្រីរស់ សិរីសុទ្ធា ជាកូនទី៤ ក្នុងចំណោមបងប្អូនទាំង៥នាក់។ បងស្រីទី១ ឈ្មោះ រស់ សាបឿន សព្វថ្ងៃរស់នៅខេត្តបាត់ដំបង ក្នុងវ័យជាង៧០ឆ្នាំ។ បងស្រីទី២ មានឈ្មោះថា រស់សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ។ បងប្រុសទីបី ឈ្មោះ រស់សុគុណ បានចែកស្ថានទៅនៅសម័យខ្មែរក្រហម។ ចំណែកប្អូនស្រីពៅមានឈ្មោះថា រស់សោភ័ណ ក្រោយមកបានដូរទៅជា រស់ សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញជំនាន់បន្ទាប់ពីអ្នកស្រីរស់ សិរីសុទ្ធា។
នៅអំឡុងឆ្នាំ ១៩៦៣ យុវនារី សុទ្ធា វ័យ១៦ឆ្នាំ បានទទួលរង្វាន់ពានមាស លេខមួយប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀងពេលបុណ្យចូលឆ្នាំ។ ជាបន្តបន្ទាប់ ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ ១៩៦៧ យុវតី សុទ្ធា បានចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អ៊ឹម សុងសឹម ដែលតែងតែជ្រោមជ្រែង និងណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោក។
អ្នកស្រីសិរីសុទ្ធា បានចាប់ដៃគូជាច្រើនដើម្បីច្រៀង ប៉ុន្តែនៅទីបំផុតអ្នកស្រីបានជួបនឹងអធិរាជសំឡេងមាស ស៊ីនស៊ីសាមុត ហើយជីវិតរបស់អ្នកស្រីកាន់តែលេចធ្លោលើវិថីសិល្បៈ។ នៅឆ្នាំ ១៩៦៩ អ្នកចម្រៀងវ័យក្មេងរូបនេះ បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរថា ជារាជនីសំនៀងមាស ប្រចាំប្រទេសកម្ពុជា។
ជោគជ័យលើវិថីសិល្បៈ បរាជ័យក្នុងជីវិតគ្រួសារ
ថ្វីបើអ្នកស្រីជោគជ័យលើវិថីសិល្បៈក៏ដោយ ប៉ុន្ដែអ្នកស្រីហាក់មិនទទួលបានជោគជ័យជីវិតគ្រួសារ (ប្ដីប្រពន្ធ) នោះឡើយ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ វីគីភីឌៀ បានឲ្យដឹងថា អ្នកស្រីបានជួបប្ដីមិនគាប់ប្រសើរ ដែលអ្នកស្រីរស់សិរីសុទ្ធា រងការវាយដំលើរាងកាយរហូតដល់រលូតកូនក្នុងផ្ទៃទើបតែមានអាយុ ៥ខែ ទៀតផង ហើយចំណងអាពាហ៍ពិពាហ៍រយៈពេលខ្លីនេះក៏បានដាច់ដោចទៅវិញ។
មកដល់ចុងឆ្នាំ ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរូបឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណច័ន្ទ ម្ចាស់ផលិតកម្ម ថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ដ មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្ដិចឡើយ។ រីឯមុខរបររកស៊ី ខាងផលិតបទចម្រៀងវិញក៏កាន់តែរីកចំរើនឡើងជាលំដាប់។
បរិបទនយោបាយមិនអំណោយផល គ្រួសារមួយនេះ ក៏មិនបានគង់វង្សនោះដែរ។ នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយក្រុម បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។
សម័យខ្មែរក្រហម ១៩៧៥-១៩៧៩
នៅថ្ងៃទី ១៧ មេសា ១៩៧៩ លោកស្រីយ៉ា ជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រី រស់ សិរីសុទ្ធា និងកូនទាំងបួន រួមទាំងបងប្អូន និងកូនក្មួយសរុបចំនួន ១៤ នាក់ ត្រូវបានអង្គការខ្មែរបដិវត្តន៍ ជំលៀសចេញ តាមផ្លូវជាតិលេខបួន សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រី សុទ្ធា បានស្លាប់ម្ដងមួយៗ ជាបន្ដបន្ទាប់អស់ទៅ ដោយនៅសល់តែអ្នកស្រីម្នាក់ឯង។ ក្រោយមកទៀត អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់សោភ័ណតែម្នាក់ ដែលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។
នៅឆ្នាំ ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា ត្រូវបានអង្គការបដិវត្តន៍ ចាប់បង្ខំឲ្យរៀបការជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់មួយរូបរបស់អង្គការ។ ប៉ុន្ដែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អប្រសើរអ្វីដល់អ្នកស្រីនោះទេ ព្រោះតែភ្លើងប្រចណ្ឌរបស់បុរសនោះ។
អ្នកស្រីត្រូវបានមិត្តត្រោក ប្រើអំពើហិង្សាវាយដំអ្នកស្រីជានិច្ច ដោយសារការហួងហែង ប្រចណ្ឌនៅពេលអ្នកស្រីទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀងនៅមីទីងរបស់អង្គការឬនៅទីណាដែលអង្គការចាត់តាំងឲ្យទៅបំពេញកិច្ច។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅ អ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហិង្សា ជាមួយលោកយោធា កម្មាភិបាល នោះទេ។
ប៉ុន្តែ អ្នកស្រី តាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។
ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។ កាលពីនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ត្រូវអង្គការចាត់តាំងឲ្យទៅកាប់ព្រៃ ឬទៅបម្រើអង្គការនៅតំបន់ថ្មីនោះមានន័យថា អ្នកស្រុកនោះជាជនដែលត្រូវអង្គការយកទៅសម្លាប់ចោលហើយ។
ប៉ុន្ដែមានអ្នកស្គាល់ អ្នកស្រី សុទ្ធា បានឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញរូបនេះ ទទួលមរណភាពនៅមន្ទីរពេទ្យកាលម៉ែត្រ ដោយរោគមហារីកបំពង់ករ ក្នុងអំឡុងឆ្នាំ ១៩៨០៕
អត្ថបទផ្សេងៗទៀត៖
- រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?
- រំលឹកកំពូលតារាសម្ដែងធ្វើឱ្យអ្នកផ្ទុះសំណើចឥតឈប់ អាម៉ាប់
- ឆាវឆាវ រឿង “សាមកុក” ជានរណា?
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000065
- ថ្ងៃនេះ47
- ម្សិលមិញ0
- សប្តាហ៏នេះ47
- ខែនេះ47
បណ្តាញទំនាក់ទំនងសង្គម

