សេចក្តីជូនដំណឹង
​​​​​​​
ដឹង​ថា​សាក់​ឡូ​ទម្រាំ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទូទាំង​ពិភពលោក ខ្សែ​ជីវិត​គាត់​ជូរចត់​ប៉ុណ្ណា​ទេ?
កំពូល​តារា​កំប្លែង​សាក់​ឡូ​ឬ​ដែល​មាន​ឈ្មោះ​ពិត​ថា​ Charlie Chaplin (ឆាលី ​ឆា​ភ្លីន) មាន​ឈ្មោះ​ដើម​ពេញ​គឺ​ Sir Charles Spencer Chalin, Jr. (សឺ​ ឆាលឡែស​ ស្បិន​ស៊ឺ​ ឆា​ភ្លីន​ ជេអា​) ជា​តារា​សម្ដែង​អង់គ្លេស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​បំផុត​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​២០​ ​របស់​ហូលីវូដ មិនតែ​ប៉ុណ្ណោះ​​ ក៏​​ជា​អ្នក​ដឹកនាំ​ភាពយន្ត​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​ជា​ច្រើន​ទៀត​ផង​។

តួ​អង្គ​​ ឆាលី​ ​ទទួល​បាន​ប្រជាប្រិយភាព​​​ល្បីល្បាញ​បំផុត​នៅ​​ទូទាំង​ពិភពលោក​  ហើយ​កិត្តិនាម​របស់​លោក​នៅ​​​តែ​ដក់​ជាប់​ក្នុង​ក្រអៅ​ចិត្ត​អ្នក​ទស្សនា​​​មក​ដល់​បច្ចុប្បន្ន​​ តាម​រយៈ​ខ្សែ​ភាពយន្ត​ “មនុស្ស​ពនេចរ​” ឬ “The Tramp”​ ដែល​ប្រជាជន​កម្ពុជា​និយម​ហៅ​ថា​ សាក់​ឡូ​នោះ​ឯង។​ តួ​អង្គ​សាក់​ឡូ​ ​និយម​ពាក់​អាវ​ក្រៅ​រឹប​ជាប់​ខ្លួន ​ស្លៀក​ខោ​​និង​ពាក់​ស្បែក​ជើង​រលុង​ ​ពាក់​មួក​ហើយ​កាន់​ឈើ​ច្រត់​ធ្វើ​ពី​ដើម​ឫស្សី​។

ទស្សនា “The Tramp”៖


ឆាលី​ ឆាភ្លីន​ ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត ​ម្នាក់​នៅ​ក្នុង​សម័យ​ភាពយន្ត​​​គ្មាន​សំឡេង​ប្រើប្រាស់​តែ​កាយ​វិការ​ ព្រោះ​គាត់​​សម្ដែង​ផង​ ដឹកនាំ​ផង​ សរសេរ​សេណារីយ៉ូ​ផង​ រួម​ទាំង​ជា​អ្នក​និពន្ធ​តន្ត្រី​សម្រាប់​ចាក់​អម​ក្នុង​ភាពយន្ត​​​ដោយ​ខ្លួន​ឯង​ទៀត​ផង។

​ជីវប្រវត្តិ​ឆាលី​ ឆាភ្លីន
​​ឆា​លី​ឆា​ភ្លីន​ កើត​នៅ​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​​ នៅ​ថ្ងៃ​ទី​១៦​ ខែ​​មេសា​ ឆ្នាំ​១៨៨៩ ​មាន​ឪពុក​ឈ្មោះ ​ឆាលី​ ឆាភ្លីន​ ស៊ីនៀរ៍​ ជា​អ្នក​ចម្រៀង​ ​និង​ជា​​អ្នក​សម្ដែង ​និង​​មាន​ម្ដាយ​ឈ្មោះ​ លីលី​​ហារ៍​លី​ (Lily Harley) ជា​អ្នក​សម្ដែង​ និង​ជា​អ្នក​ចម្រៀង​អូបេរ៉ា។ ​ឆាលី​ មាន​បង​ប្រុស​ឪពុក​ផ្សេង​គ្នា​ម្នាក់ ​ឈ្មោះ​ សីដនី (Sydney)។ ​

នៅ​អាយុ​​ ១២​ឆ្នាំ​ ឆាលី​ បាន​កំព្រា​ឪពុក​ ​​ហើយ​ក៏​ធ្លាក់​ទៅ​ក្នុង​ភាព​ឯកា​ ក្លាយ​ជា​ក្មេង​តាម​ចិញ្ចើម​ថ្នល់​ ស្ថិត​ក្នុង​ទុរគត​ភាព​​ទាំង​នៅ​ក្មេង​ខ្ចី​។ ឆាលី បាន​ឆ្លង​កាត់​​ជីវិត​​រក​ប្រាក់​ដោយ​ការ​លក់​កាសែត​ ​ជា​កម្មករ​នៅ​តាម​ការដ្ឋាន ​​កាប់​ឈើ​ លក់​ផ្កា​ ធ្វើ​ការ​ក្នុង​សិប្បកម្ម​ផលិត​របស់​របរក្មេង​លេង​ ​​ធ្វើ​ការ​​ក្នុង​រោង​ពុម្ព​​ ​ហាង​កោរ​ពុក​មាត់​ ​និង​​ជញ្ជូន​ឥវ៉ាន់​ជា​ដើម។ ​កំពូល​​តារា​កំប្លែង​​លំដាប់​ពិភពលោក​ម្នាក់​នេះ​ ​យល់​ថា​ ​ការងារ​អ្វី​ក៏​ល្អ​ដែរ​ឱ្យ​តែ​អាច​ផ្តល់​លុយ​ និង​អាច​រក​អ្វី​មក​បំពេញ​ក្រពះ​របស់​គេ​បាន។

​​ក្នុង​ស្ថានភាព​ជា​កូន​កំព្រា​ឱពុក​ ឆាលី​ត្រូវ​បង្ខំ​ចិត្ត​​ចូល​សម្ដែង​ជា​លើក​ដំបូង​នៅ​ពេល​ម្ដាយ​​​ធ្លាក់ខ្លួន​ឈឺ។ ក្នុង​ដំណាក់​កាល​សម្ដែង​ ​ទោះ​ជា​ជួប​បញ្ហា​ប្រាក់កាស​យ៉ាង​ណា​ក្ដី​ ​ក៏​ឆាលី​មិន​ដែល​អស់​សង្ឃឹម​ដែរ ​។

នៅ​អាយុ​ ១៤​ឆ្នាំ​ ឆាលី​ បាន​ចុះ​ឈ្មោះ​ជាមួយ​ ភ្នាក់ងារ​ក្រុម​ល្ខោន​ ប៉ុន្តែ​ដោយសារ​តែ​​មិន​បាន​រៀន​សូត្រ​ ឆាលី​ពុំ​អាច​ទន្ទេញ​ប៉ារ៉ូល​ចាំ​ឡើយ​។

ដូច្នេះ​ សីដនី​ ត្រូវ​អាន​ឱ្យ​​គេ​ស្ដាប់​ទាំង​អស់​។ ឆាលី​ ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​​​ឱ្យ​​​សម្ដែង​​ក្នុង​ទស្សនីយភាព​អន់​ៗ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ទាត់​ធាក់​ពី​ក្រោយ​ និង​ការ​ជេរ​ប្រទេច​ប៉ុណ្ណោះ​។ ​​ពេល​ដែល​ ឆាលី ​​​ដើរ​ត្រាច់ចរ​ក្នុង​​​ក្នុង​ស្ថានភាព​ជា​ក្មេង​កំព្រា​ ​ដោយ​ធ្វើ​ការងារ​តូច​តាច​​ ​មាន​ក្រុម​ល្ខោន​​​ចល័ត​មួយ ​​​បាន​ជួល​គាត់​​ឱ្យ​​ចេញ​ទៅ​​សម្ដែង​​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩០៦​។

ដោយ​មាន​​​ទេពកោសល្យ​​គ្មាន​ពីរ​លើ​លោក​ពី​​ធម្មជាតិ​​​ ​ លោក​បាន​​​សម្ដែង​​​ប្រកប​ដោយ​​ភាព​​​ប៉ិនប្រសប់​​​ ​និង​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​ជុំវិញ​ពិភពលោក​លឿន​បំផុត​។ គាត់​ធ្វើការ​ជា​ច្រើន ​រហូត​ដល់​ថ្នាក់​មិន​បាន​ចាប់​អារម្មណ៍​ថា​ ​នៅ​ពេល​គាត់​មាន​អាយុ​ ​២៧​ឆ្នាំ​ គាត់​បាន​ក្លាយ​ទៅ​ជា​កំពូល​តារា​សម្ដែង​លំដាប់​ពិភពលោក​ទៅ​ហើយ​។

ឆាលី​ ​ជា​មនុស្ស​ម៉ត់ចត់​ណាស់​ គាត់​មិន​ជក់​បារី​ មិន​ផឹក​ស្រា​ មិន​ចំណាយ​​ពេល​ឥត​ប្រយោជន៍ ​ហើយ​​ចេះ​​សន្សំ​​​ទៀត​ផង​។ នៅ​ពេល​​មាន​អាយុ ​​៣០​ ​ឆ្នាំ​ ​សាក់ឡូ​ បាន​បង្កើត​ផលិតកម្ម​ភាពយន្ត​ដំបូង​ គឺ​ផលិតកម្ម​យូ​ណាយ​ធីត​ អាត​ធីស​ (United Artists)។ ឆាលី ជា​អ្នក​និពន្ធ​ តួ​​សម្ដែង​​ អ្នក​សរសេរ​សាច់​រឿង​ អ្នក​តែង​បទភ្លេង​ និង​ជា​អ្នក​ដឹកនាំ​រឿង​។ ខ្សែ​ភាពយន្ត​ដែល​ឆាលី​​មាន​ទាំង​អស់​ ​៧១​រឿង​ ​ហើយ​រឿង​ដែល​ ឆាលី​ ទទួល​បាន​ការ​គាំទ្រ​ពេញ​និយម​ច្រើន​មាន​ដូច​ជា The Kid (1921), City Light (1931), Modern Times (1936) និង​ The Great Dictator (1940) ជា​ដើម​។


                                 ឈុត​ឆាក​ក្នុង​រឿង​ The Circus ឆ្នាំ​១៩២៨​


                           ឈុត​ឆាក​ក្នុង​រឿង​ The City Lights ឆ្នាំ​១៩៣១


                         ឈុត​ឆាក​ក្នុង​រឿង​ The Great Dictator ឆ្នាំ​១៩៤០

នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​ ឆាលី ​បាន​រៀបការ​​លើក​ដំបូង​ជាមួយ​នាង​ មីលដ្រេត​ ដែល​ទើប​មាន​អាយុ​ ១៦​ឆ្នាំ​ បន្ទាប់​មក​ពួក​គេ​បាន​លែងលះ​គ្នា​។ លើក​ទី​២​ ឆាលី​ បាន​រៀបការ​ជាមួយ ​លីតា​ ដែល​មាន​អាយុ​ ១៦​ឆ្នាំ​​ទៀត​ ​ពួក​គេ​មាន​កូន​ប្រុស​ពីរ​នាក់​ ហើយ​​​ក៏​បាន​លែងលះ​គ្នា​ទៀត​។ បន្ទាប់​មក​ ឆាលី បាន​រស់​នៅ​ជាមួយ​នាង​ប៉ូឡែត ហ្គូដាដ ដែល​ជា​តួ​​សម្ដែង​​ក្នុង​រឿង “សម័យ​ទំនើប”​ និង​រឿង ​”ជន​ផ្តាច់​ការ​” តែ​មិន​បាន​ប៉ុន្មាន​ផង​ ពួកគេ​ក៏​បាន​លែងលះ​គ្នា​ទៀត​។

​ជីវិត​អាពាហ៍​ពិពាហ៍​ ចុង​ក្រោយ​​ គឺ​បាន​រៀបការ​ជាមួយ​​​នាង ​អូអូណា អូណី ដែល​មាន​អាយុ​ ១៨​ឆ្នាំ​ ចំណែក​ឆាលី​ មាន​អាយុ​រហូត​ដល់​ ​៥៤​ឆ្នាំ​ ។ ពួក​គេ​បាន​រៀបការ​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​១៩៤៣។ ក្នុង​ចំណង​អាពាហ៍ពិពាហ៍​នេះ​ ពួក​គេ​មាន​កូន​ប្រាំ​បី​នាក់​។
តារា​កំប្លែង​ ​ឆាលី ឆាប្លីន ឬ​សាក់ឡូ​បាន​ទទួល​​មរណភាព​ក្នុង​​ប្រទេស​ស្វីស​នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​១៩៧៧ ក្នុង​អាយុ​​ ៨៨​ឆ្នាំ។
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05522674
  • ថ្ងៃនេះ708
  • ម្សិលមិញ1114
  • សប្តាហ៏នេះ4999
  • ខែនេះ27126
បណ្តាញទំនាក់ទំនងសង្គម